ណុប បាយ៉ារិទ្ធ​ បង្ហោះសារសម្ដែងការព្រួយបារម្ភ និងលើកទឹកចិត្តដល់ពលរដ្ឋដែលកំពុងជួបគ្រោះទឹកជំនន់

CHEN.FONG

រហូតមកដល់ថ្ងៃនេះ បងប្អូននៅតាមបណ្ដាខេត្តមួយចំនួន កំពុងតែរងគ្រោះដោយទឹកជំនន់ លិចលង់អស់ផ្ទះសម្បែង ខ្លះខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ជាពិសេសបងប្អូននៅក្នុងខេត្តស្ទឹងត្រែង​ ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ ដោយសារទឹកជំនន់ពីឡាវ។ គ្រោះទឹកជំនន់លើកនេះ បានធ្វើឲ្យរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋខ្មែរមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខទុក្ខរបស់អ្នករងគ្រោះ។ តួយ៉ាង ដូចជាលោក ណុប បាយ៉ារិទ្ធ ដែលជាតារាចម្រៀងល្បីឈ្មោះមួយដួង បានបង្ហោះសារណែនាំ និងសម្ដែងការព្រួយបារម្ភដល់គ្រប់គ្នា។

ជាក់ស្ដែង ក្នុងគណនីហ្វេសប៊ុករបស់លោក បានធ្វើការរៀបរាប់ថា៖

«សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះទឹកជំនន់ដែលហូរចេញមកពីប្រទេសឡាវ ពិសេសបងប្អូនដែលរស់នៅតាមបណ្តាខេត្តដែលជាប់ព្រំប្រទល់ឡាវ និងសូមនាំគ្នាទៅរស់នៅជាបណ្តោះអាសន្ននៅទីទួលខ្ពស់ជាទីដែលជានាំមកនៅសុវត្តិភាពដល់បងប្អូន និងក្រុមគ្រួសារ និងកុំភ្លេចបង្កើនការប្រុងប្រយ័ត្នបន្ថែមទៅលើកូនតូចៗ កុំអោយលេងទឹក ហូបទឹកស្អាត បង្កើនអនាម័យ ការពារពីសត្វអសិរពិសគ្រប់ប្រភេទ ។ សូមបងប្អូនបង្កើនការចេះជួយគ្នា ស្រលាញ់គ្នា យកអាសារគ្នាក្នុងគ្រាមានអាសន្ន កុំរើសអើងគ្នា ចេះមើលថែគ្នា ដើម្បីឆ្លងផុតនៅការលំបាកទាំងអស់គ្នា។ សូមបួងសួង កុំអោយទឹកជំនន់មកយារយីដល់ប្រទេសកម្ពុជាយើង ពិសេស កុំអោយបំផ្លាញដល់សេចក្តីសុខ ទ្រព្យសម្បត្តិ និងអាយុជីវិត ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋយើងបានសោះ»។​ ទោះបីជាមិនអាចបញ្ឈប់គ្រោះនេះបាន តែសារមួយនេះ បានធ្វើឲ្យបងប្អូនជាច្រើនមានកម្លាំងចិត្ត និងសម្ដែងក្តីរំភើបចិត្តចំពោះការយកចិត្តទុកដាក់យ៉ាងខ្លាំងពីលោកផងដែរ៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.