ប្លែកម៉េស! បុរស​ថៃម្នាក់និង​ប្រពន្ធ រួមដៃគ្នាបោកប្រាស់មិត្តភក្ដិ និងគ្រួសារ ដោយកុហកថា ខ្លួនស្លាប់ ដើម្បីចង់បាន ...

BroCam-News

អ្នកលេងបណ្ដាញ​សង្គម​នៅ​ថៃ​ជា​ច្រើន​បាន​ចំអក និង​ហួស​ចិត្ត​ បុរស​ថៃ និង​ប្រពន្ធ​របស់​គាត់ ​បន្ទាប់​ពី​រួម​គំនិត​គ្នា​ធ្វើ​ពុត​ជា​ស្លាប់​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក ដើម្បី​បោក​ប្រាស់​ក្រុម​គ្រួសារ​ព្រោះ​តែ​ចង់​បាន​ផល​ប្រយោជន៍​ផ្ទាល់ខ្លួនមួយ​​។

​បុរស​ឆបោក​ម្នាក់​នេះ​មាន​ឈ្មោះ តាចាវីត ​បាន​ឲ្យ​ប្រពន្ធ​ខ្លួន​ថត​រូប​ ៣​សន្លឹក​ដែល​គាត់​ធ្វើ​ជា​ដេក​ស្លាប់​សណ្ដូក​ខ្លួន​នឹង​ថ្កល់​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​ ទាំង​រូប​សាក​សព​មាន​ញាត់​សំឡី​ច្រមុះ​​សង​ខាង​ ឲ្យ​មើល​ទៅ​ដូច​ស្លាប់​ពិត​ៗ។ ​ប្រពន្ធ​បាន​បង្ហោះ​រូប​ អម​ជា​មួយ​សារ​ខ្លី​សរសេរ​ថា «ស្រលាញ់​បង»។ ​ពេល​នោះ​មាន​មិត្តភ័ក្ដិ​របស់​នាង​បាន​ខំមិន​សួរ​ថា កើត​អ្វី? នាង​បាន​តប​ថា ​ប្ដី​នាង​បាន​ស្លាប់​ហើយ​ដោយ​សារ​ជំងឺ​មហារីក និង​ហឺត ហើយ​ជំងឺ​នេះ​គាត់​ឈឺ​ជា​យូរមក​​ហើយ។

ពេល​មិត្ត​នាង​សួរ​បន្ត​ថា ​ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ចាប់​អារម្មណ៍​ជំងឺ​គាត់? ​នាង​ប្រាប់​ទៀត​ថា ​​ព្រោះ​គាត់​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង ក៏​ធ្វើ​ដូច​មនុស្ស​ធម្មតា​ទៅ។ ​ប្រពន្ធ​មិន​ត្រូវ​គេ​បញ្ចេញ​អត្តសញ្ញាណ​ដដែល​នេះ ថែម​ទាំង​បាន​ទូរសព្ទ​ហៅ​ម្ដាយ​ខាង​ប្ដី និង​ប្រាប់​ឲ្យ​ផ្ញើរ​លុយ​បន្ទាន់​ផង​ដែរ។ «​ប្រពន្ធ​របស់​វា​ទូរសព្ទ​មក​ខ្ញុំ ​ហើយ​ប្រាប់​ថា ​កូន​ខ្ញុំ​ស្លាប់​ហើយ។ ​នាង​មិន​មាន​ប្រាក់​រៀប​ចំ​ពិធី​បុណ្យ​សព​ទេ ​ដូច្នេះ​ខ្ញុំ​បាន​ផ្ញើរ​លុយ​ឲ្យ​នាង​នៅ​ថ្ងៃ​កើត​ហេតុ​នោះ​តែ​ម្ដង»។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ស្ត្រី​ជា​ម្ដាយ​ប្រាប់​ក្នុង​បទ​សម្ភាស​មួយ​តាម​ទូរទស្សន៍។

អ្នក​ស្រី​បាន​ផ្ញើរ​លុយ​ចំនួន ៦០០​ដុល្លារ​ឲ្យ​ទៅ​កូន​ប្រសារ​ស្រី ​ដើម្បី​ទិញ​ក្ដារមឈូស និង​ជួល​រថយន្ត​ដឹក​សព​មក​ស្រុក​កំណើត​វិញ​នៅ​ខេត្ត​ឡាំផាំង។ ក្រុម​គ្រួសារ​បាន​ទាក់​ទង​វត្ត ​និង​បាន​រៀប​ចំ​ពិធី​បុណ្យ​សព​ត្រៀម​ចាំ​សព​មក​ដល់​នៅ​ថ្ងៃ​បន្ទាប់។ ​នៅ​ពេល​ដល់​​ព្រឹក​ថ្ងៃ​បន្ទាប់ ​ទាំង​នារី​ជា​ប្រពន្ធ និង​សព​នៅ​មិន​ទាន់​មក​ដល់ ខាង​បង​ប្អូន​​ក៏​បាន​ទូរស័ព្ទ​ទៅ​វិញ។ ​អ្វី​កាន់​តែ​ធ្វើ​ឲ្យ​ពួកគេ​ភ្ញាក់ផ្អើល​នោះ គឺ​បុរស​ជា​សព​បាន​លើក​​ទូរស័ព្ទ​និយាយ​ខ្លួន​ឯង ​តែ​បាន​ដាក់​ទូរស័ព្ទ​ចុះ​ឈប់​និយាយ​ភ្លាម ព្រោះ​ដឹង​ថា ​ជា​បងប្អូន។

​គ្រួសារ​សាច់​ញាតិ​នាំ​គ្នា​អង្គុយ​ហួស​ចិត្ត ​រួច​បាន​លុប​ចោល​ពិធី​បុណ្យ​សព​វិញ ទោះ​ចំណាយ​អស់​ប្រមាណ ១៨០០​ដុល្លារ។ ​យ៉ាង​ណា​ក្ដី ​ម្ដាយ​របស់​កំពូល​កូន​ប្រុស​ម្នាក់​នេះ​ បាន​បដិសេធ​មិន​ប្ដឹង​ចោទ​ប្រកាន់​កូន​ខ្លួន​ឯង​ទេ ​ទោះ​គាត់​បាន​កាត់​ផ្ដាច់​ទំនាក់ទំនង​រវាង​ម្ដាយ និង​កូន​ប្រុស​កូន​ប្រសា​នេះ​ក៏ដោយ។ ចំណែក​មិត្តភ័ក្ដិ និង​ជា​មិត្ត​រួម​ការងារ​របស់​ជន​ឆបោក​ខាង​លើ ​បាន​អះអាង​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា តាចាវីត ​មាន​ប្រវត្តិ​បោក​ប្រាស់ និង​កុហក​មនុស្ស​ជា​ច្រើន​មក​ហើយ និង​ធ្លាប់​លួច​កាបូប​លុយ​មិត្តភ័ក្ដិ​ផ្សេង​ទៀត​ផង។ មក​ទល់​ពេល​នេះ ពីរ​នាក់​ប្ដី​ប្រពន្ធ មិន​មាន​នរណា​ម្នាក់​ដឹង​ថា ពួក​គេ​នៅ​ទីណា និង​កំពុង​សប្បាយ​រីក​រាយ​ជាមួយ​លុយ ៦០០​ដុល្លារ​ប៉ុនណា​នោះ​ទេ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.