មកស្គាល់ព្រះជីវប្រវិត្តសង្ខេបរបស់​ សម្តេចនរោត្តម នរិន្រ្ទៈពង្ស ព្រះអនុជបង្កើត របស់ព្រះករុណា ព្រះនរោត្តម សីហមុនី ដែលកូនខ្មែរគួរតែដឹង

David

កាលពីពេលថ្មីៗនេះហ្វេសប៊ុកផេក Royal du Cambodge បានបង្ហាញនូវជីវប្រវត្តិរបស់ សម្ដេច​ក្រុមឃុន នរោត្ដម​ នរិន្រ្ទៈពង្ស​ ដែលជាព្រះ​រាជ​បុត្រានៃ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះ​បរម​រតនកោដ្ឋ​ និង​ សម្ដេច​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ហើយ សម្តេចក្រុមឃុន នរោត្តម នរិន្រ្ទៈពង្ស ក៏ត្រូវជាព្រះអនុជបង្កើត នៃ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេច នរោត្តម នរិន្រ្ទៈពង្ស ព្រះប្រសូតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៥៤ នៅរាជធានីភ្នំពេញ។ ព្រះអង្គ បានចូលសិក្សារៀនសូត្រនៅ សាលាបឋមសិក្សា នរោត្តម និង វិទ្យាល័យ ដេកាត នារាជធានីភ្នំពេញ បន្ទាប់មក ព្រះអង្គ បានបន្តការសិក្សាផ្នែកច្បាប់ និង ឧក្រិដ្ឋកម្ម នៅសកលវិទ្យាល័យជាតិក្រុងម៉ូស្គូ អតីតសហភាពសូវៀត ហើយទ្រង់អាចនិយាយភាសារុស្សី និង បារាំងបានល្អល្អប្រសើរ ។ នៅក្នុងរបបកម្ពជាប្រជាធិបតេយ្យ ព្រះអង្គ ត្រូវបានឃុំខ្លួនដោយពួកខ្មែរក្រហម នៅក្នុងព្រះបរមរាជវាំង ជាមួយ ព្រះបិតា ព្រះមាតា និង ព្រះរៀម នរោត្តម សីហមុនី ក្រោយមកបន្ទាប់ពីរបបនេះបានដួលរលំ ព្រះអង្គ បានយាងទៅរស់នៅជាមួយ ព្រះបិតា នៅក្នុងព្រះរាជដំណាក់ទីក្រុង ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។

ព្រះអង្គ បានរៀបអភិសេកជាមួយ អ្នកម្នាង សុីនួន និងមានព្រះបុត្រីចំនួន ២ ព្រះអង្គ គឺ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម សុីមូណារិន ព្រះប្រសូតនៅឆ្នាំ ១៩៨៣ និងព្រះអង្គម្ចាស់ក្សត្រី នរោត្តម មុនីនួក ព្រះប្រសូតនៅឆ្នាំ ១៩៨៧ ។ សម្តេច នរោត្តម នរិន្រ្ទៈពង្ស បានយាងចូលព្រះទីវង្គិតដោយជំងឺគាំងបេះដូង ក្នុងព្រះជន្មាយុ ៤៩ ព្រះវស្សា នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៣ បន្ទាប់មក ព្រះអដ្ឋិរបស់ ព្រះអង្គ ត្រូវបានយាងមកគង់ក្នុងព្រះចេតិយ នាបរិវេណ ព្រះឧបោសថរតនារាម ព្រះកែវមរតក ព្រះបរមរាជវាំង ។ ព្រះអង្គ ទទួលបានព្រះរាជក្រឹត្យតែងតាំងជា សម្តេច នៅឆ្នាំ ២០០៤៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.