ឈាមស្រែកស្បែកហៅ! ​ឃាតករ ដែលកាប់ និងអារ.កសម្លាប់ ម្តាយ រួមជាមួយកូនប្រុស២នាក់ ​នៅខេត្តត្បូងឃ្មុំ ត្រូវកម្លាំងនគរបាលចាប់បាននៅខេត្តឧត្តរមានជ័យ ក្រោយគេចខ្លួនបាន៦ថ្ងៃ

ចិន.ហ្វុង

ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ឃាតកដែលបានកាប់ និងអារ.កសម្លាប់ម្ដាយ និងកូនប្រុស២នាក់ យ៉ាងព្រៃផ្សៃបំផុតនៅលើផ្ទះ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន នៅមុននេះបន្ដិច នាល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ នៅខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា ប្រតិបត្តិការយ៉ាងក្ដៅគគុកនេះ ត្រូវបានធ្វើឡើងដោយកម្លាំងនគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងនគរបាលខេត្តឧត្ដរមានជ័យ និងកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ ជនសង្ស័យជាប្តីចុង និងជាឪពុកចុងរបស់ជនរងគ្រោះទាំង៣នាក់។ នៅពេលនេះជនសង្ស័យ បាននិងកំពុងបញ្ជូនមកខេត្តត្បូងឃ្មុំវិញ។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា «ក្រោយរត់គេចខ្លួនបាន៦ថ្ងៃ នៅថ្ងៃនេះកម្លាំងរបស់យើង សហការជាមួយនគរបាលខេត្តឧត្តរមានជ័យ និងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមចាប់បានហើយ នៅក្រុងសំរោង ព្រមទាំងដកហូតម៉ូតូមួយគ្រឿង និងខ្សែករបស់ជនរងគ្រោះមកវិញផងដែរ»។

សូមជម្រាបថា ហេតុការណ៍ឃាតកម្មដ៏សាហាវមួយ បានកើតឡើងនៅ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយស្ត្រីជាម្តាយ រួមទាំងកូនប្រុសជំនង់២នាក់ ត្រូវបានឃាតក អារ.កសម្លាប់យ៉ាងព្រៃផ្សៃបំផុត នៅលើផ្ទះ។

សមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់ Fresh News ឲ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើលករណីឃាតកម្មនេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ ជូនសមត្ថកិច្ច នៅម៉ោង១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ ដោយឈ្មោះ សេង នាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិរើល ឃុំដូនតី ស្រុកពញាក្រែក ត្រូវជាបងថ្លៃជនរងគ្រោះ បានយកផ្អកមកឲ្យជនរងគ្រោះ ឈ្មោះ ឃាន សុខលាន ភេទស្រីអាយុ៤៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដូងឃុំថ្មពេជ្រ ស្រុកខេត្តត្បូងឃ្មុំ។ ខណៈពេលមកដល់ឃើញផ្ទះស្ងាត់ខុសពីធម្មតា មិនឃើញបើកទ្វារលក់ដូរ ដូចសព្វដង ហើយគាត់ដើរចូល ដល់ក្រោមផ្ទះឃើញមានស្នាមឈាមហូរ តាមសរសរផ្ទះ ហើយបានឡើងទៅលើផ្ទះ រុញទ្វារចូលទៅឃើញជនរងគ្រោះ ដេកស្លាប់ទាំងអស់មានម្ដាយ និងកូនប្រុស២នាក់ទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទី១៖ ឈ្មោះ ឃាន សុខលាន ភេទស្រីអាយុ៤៣ឆ្នាំ ជាតិខ្មែរ (ម្ដាយ) ភូមិដូងឃុំ ថ្មពេជ្រ ស្រុកត្បូងឃ្មុំ, ទី២៖ ឈ្មោះ ធឿន វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ និងទី៣៖ ឈ្មោះ ធឿន ធារី ភេទប្រុសអាយុ១១ឆ្នាំ ស្លាប់ដោយសារមានស្នាមកាំបិតអារ.ក។

ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពេជ្រ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ ចន្លោះម៉ោង១២៖០០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.