ក្នុងរឿងគ្រោះថ្នាក់ចរាចរណ៏មួយ ថៅកុងឡានទំនើបនោះ ពេលនេះសល់តែអ្នក​វ៉ៃគេមានរឿងធំ ...

David

កាល​ពី​ល្ងាច​មិញ​នេះ មាន​ហេតុការណ៍​ដ៏​កក្រើក​មួយ​កើត​ឡើង បន្ទាប់​ពី​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង បុក​រះ​តាម​ផ្លូវ​មិន​ព្រម​ឈប់ រហូត​ប្រជាពលរដ្ឋ​ដេញ​តាម​ទាន់ នាំ​គ្នា​វាយ​ដំ​យ៉ាង​សាហាវ​បែក​ឈាម​ស្រោច​ខ្លួន។ បើ​កុំ​តែ​ប៉ូលិស​អន្តរាគមន៍​ទាន់ ប្រហែល​ម្ចាស់​រថយន្ត​មិន​អាច​នៅ​មាន​ជីវិត​ឡើយ។ ជុំវិញ​សកម្មភាព​នេះ បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​មាន​ការ​រិះគន់ ចំពោះ​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ធ្វើ​ជា​តុលាការ​ចង់​កាត់​ក្ដី​ប្រហារ​ជីវិត​អ្នក​បង្ក ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​លើក​ឡើង​ថា​ម្ចាស់​រថយន្ត​សម​នឹង​ទទួល​បែប​នេះ។ យ៉ាង​ណា​ក្ដី ពេល​នេះ​សមត្ថកិច្ច​ក្រុង កំពុង​ស្រាវជ្រាវ​តាម​វីដេអូ​សារព័ត៌មាន​ថត​បាន ដើម្បី​ប្រមូល​ភស្តុតាង នាំ​ជន​ល្មើស​បង្ក​ហិង្សា​មក​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់។

លោក ផែង វណ្ណៈ បាន​បញ្ជាក់​តាម​គណនី Facebook របស់​ខ្លួន​ថា ប្រភព​ច្បាស់​ការ​ពី​សមត្ថកិច្ច​ក្រុង គឺ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ប្រមូល​ភស្តុតាង និង​វីដេអូ ជន​ល្មើស​ដែល​ប្រើ​ហិង្សា​វាយ​ជន​បង្ក​គ្រោះ​ថ្នាក់​ចរាចរ ដើម្បី​មក​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់។ លោក​បាន​អះ​អាង​ទៀត​ថា ជន​ប្រព្រឹត្ត​ហិង្សា​នេះ ត្រូវ​បាន​ថត​ជាប់​ដោយ​អ្នក​សារព័ត៌មាន ហើយ​លោក ផែង វណ្ណៈ បង្ហាញ​ឆន្ទៈ​គាំទ្រ​ចំណាត់​ការ​របស់​សមត្ថកិច្ច ដើម្បី​តាម​ចាប់​ជន​ល្មើស​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់។

គួរ​បញ្ជាក់​ថា កាល​ពី​ល្ងាច​មិញ​នេះ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក GAC បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​វេលា​ម៉ោង​ប្រមាណ ៥​ល្ងាច តាម​ចំណុច​តាម​ផ្លូវ​ទៅ​វត្ត​សន្តិវ័ន ហៅ​វត្ត​ទួល​អស់​លោក ក្នុង​ខណ្ឌ​ឫស្សីកែវ។ ប៉ុន្តែ​ភ្លាម​ៗ​នោះ ជន​បង្ក​មិន​បាន​ឈប់​រថយន្ត​ដើម្បី​ដោះ​ស្រាយ​នោះ​ទេ គឺ​បន្ត​បើក​រត់​រហូត​ប៉ះ​រថយន្ត និង​ម៉ូតូ​ផ្សេង​ទៀត​ជា​ច្រើន​គ្រឿង។ ភ្លាម​នោះ គេ​ឃើញ​មាន​បង​ប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​ម៉ូតូ ដេញ​តាម​រថយន្ត​បង្ក រហូត​ស្ទាក់​បាន​នៅ​ផ្លូវ​លេខ ១៥៦ កែង​ផ្លូវ ២៦៥ ក្នុង​សង្កាត់​ទឹក​ល្អក់២ ខណ្ឌ​ទួល​គោក ដោយសារ​រថយន្ត​បែក​ធុង​ទឹក​ទៅ​មុខ​លែង​រួច។

បន្ទាប់​ពី​ស្ទាក់​បាន ប្រជាពលរដ្ឋ​ដែល​មាន​កំហឹង បាន​នាំ​គ្នា​វាយ​បំផ្លាញ​រថយន្ត ព្រម​ទាំង​វាយ​អ្នក​បង្ក រហូត​បែក​ឈាម​ហូរ​ស្រោច​ខ្លួន ក្នុង​សកម្មភាព​យ៉ាង​សាហាវ​ឃោរឃៅ។ ក្រោយ​មក គេ​ឃើញ​កម្លាំង​មាន​សមត្ថកិច្ច បាន​រូត​រះ​មក​អន្តរាគមន៍ ដោយ​បញ្ជូន​ជន​បង្ក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ។ ចំណែក​រថយន្ត​ត្រូវ​បញ្ជូន​ទៅ​រក្សា​ទុក​បណ្ដោះ​អាសន្ន នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ។ ចំពោះ​ជន​រង​គ្រោះ ពី​ការ​បង្ក​គ្រោះ​ថ្នាក់​នេះ នៅ​មិន​ទាន់​ដឹង​ថា​ប៉ុន្មាន​នាក់​ទេ ប៉ុន្តែ​មិន​មាន​ព័ត៌មាន​ពី​អ្នក​បាត់​បង់​ជីវិត ដូច​ការ​ផ្អើល​ឆោឡោ​ដំបូង​នោះ​ឡើយ។

ទស្សនា​វីដេអូ សកម្មភាព​វាយ​ជន​បង្ក​រហូត​បែក​ឈាម​ស្រោច​ខ្លួន ដែល​ផ្សាយ​ផ្ទាល់​ដោយកាមេរ៉ទូរសព្ទដៃនៅជិតផ្ទាល់៖
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.