ភាព​ពិត​នៃ​បុណ្យ​សិទ្ធនារី​អន្តរជាតិ ​ដែល​យើង​ប្រហែល​មិន​ធ្លាប់​ដឹង

David

តើទិវាសិទ្ធិនារីចាប់កំណើតឡើងដូចម្តេច? ទិវាសិទ្ធិនារីចាប់កកើតឡើងដោយកម្មការិនីរោងចក្រកាត់ដេរនៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិកដែលបាននាំគ្នាបោះបោរធ្វើបាតុកម្មប្រឆាំងនឹងថៅកែរោងចក្រដើម្បីសុំដំឡើងប្រាក់ខែនិងទាមទារសិទ្ធិមួយចំនួនទៀត តែទីបំផុតពួកនាងត្រូវគេលួចដុតរោងចក្រមួយដែលពួកនាងកំពុងជួបជុំគ្នាបណ្តាលឱ្យមាននារីៗស្លាប់អស់ 119 នាក់នៅថ្ងៃទី 8 ខែមីនា ឆ្នាំ 1857។

ក្រោយពីនោះមកនៅឆ្នាំ 1907 កម្មការិនីរោងចក្រកាត់ដេរនៅ ឈីកាហ្គោ សហរដ្ឋអាមេរិក ទ្រាំមិនបាននឹងការជិះជាន់កេងប្រវ័ញ្ច ការគាបសង្កត់ពីថៅកែរោងចក្រដែលប្រើពួកនាងប្រៀបដូចជាទាសករដាច់ថ្លៃ ដោយសារតែពួកនាងត្រូវគេបង្ខំឱ្យធ្វើការរហូតដល់មួយថ្ងៃ 16-17 ម៉ោង ទាំងគ្មានថ្ងៃឈប់សម្រាក គ្មានការធានារ៉ាប់រងផ្សេងៗ ធ្វើឱ្យពួកនាងគ្មានលទ្ធភាពព្យាបាលជំងឺហើយត្រូវឈឺស្លាប់អស់ជាច្រើនទាំងដែលបានទទួលប្រាក់ខែតែបន្តិចបន្តួច រួមទាំងពេលមានគភ៌ក៏ត្រូវគេបញ្ឈប់ពីការងារទៅទៀត។

ការឈឺចាប់ទាំងនេះធ្វើឱ្យ ក្លារ៉ា សេតគិត (Clara Zetkin) អ្នកនយោបាយនិន្នាការសង្គមនិយមអាល់ឡឺម៉ង់ បានសម្រេចចិត្តបំផុសបំផុលកម្មការិនីឱ្យធ្វើកូដកម្មនៅថ្ងៃទី 8 មីនា 1907 និងទាមទារឲ្យថៅកែកាត់បន្ថយម៉ោងធ្វើការឱ្យនៅសល់ត្រឹមតែ 8 ម៉ោងក្នុងមួយថ្ងៃ ព្រមទាំងបង្កើនការធានារ៉ាប់រងផ្សេងៗ និងទាមទារឱ្យស្រ្តីមានសិទ្ធិបោះឆ្នោតផងដែរ។

ទោះបីជាការដឹកនាំទាមទាររបស់ក្លារ៉ាពេលនោះមិនសម្រេចជោគជ័យ ដោយសារតែមានកម្មការិនីជាច្រើនរយនាក់ត្រូវគេចាប់ដាក់គុក តែវាជាកត្តាជំរុញឱ្យមានការគាំទ្រពីនារីៗនៅជុំវិញពិភពលោក និងជាការបំផុសឱ្យនារីៗយល់ដឹងអំពីសិទ្ធិរបស់ខ្លួនកាន់តែច្រើនជាងមុន។

ក្រោយមកទៀតនៅឆ្នាំ 1908 មានកម្មការិនី 15 000 នាក់នាំគ្នាដង្ហែក្បួនបាតុកម្មនៅទូទាំងក្រុង ញូវយ៉ក ទាមទារឱ្យបញ្ឈប់ការប្រើពលកម្មលើកុមារ ដោយលើកពាក្យស្លោកថា "នុំប៉័ងនិងផ្កាកុលាប" ដែលមានន័យថា ពួកគេត្រូវតែទទួលបានអាហារគ្រប់គ្រាន់និងមានគុណភាពជីវិតដ៏ល្អប្រសើរនេះឯង។

រហូតដល់ថ្ងៃ 8 មិនា ឆ្នាំ 1910 ការព្យាយាមរបស់កម្មការិនីក៏បានសម្រេចជោគជ័យ ដោយមានតំណាងនារីមកពី 17 ប្រទេសចូលរួមប្រជុំក្នុងសន្និបាតនារីសង្គមនិយមលើកទី 2 នៅទីក្រុង កូបិុនហាក ប្រទេសដាណឺម៉ាក ដោយអង្គសន្និបាតបានប្រកាសធានាទទួលយកតាមសំណូមពររបស់កម្មការិនីទៅតាមប្រព័ន្ធ 8 បីដងគឺ ធ្វើការ 8 ម៉ោង‌, សិក្សារៀនសូត្រ 8 ម៉ោង និងសម្រាក 8 ម៉ោង និងថែមទាំងត្រូវបានដំឡើងប្រាក់ខែនារីឱ្យស្មើនឹងបុរស ព្រមទាំងផ្តល់សិទ្ធិទទួលបានការធានារ៉ាងរងចំពោះនារី និងពលកម្មកុមារផងដែរ។

ក្រៅពីនេះគេក៏ទទួលយកតាមសំណូមពររបស់ ក្លារ៉ា សេតគិន ដោយកំណត់យករៀងរាល់ថ្ងៃទី 8 មីនាជា "ទិវាសិទ្ធិនារីសកល" ចាប់ពីពេលនោះមក។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.