រឿងនិទាន សត្វលា និងសំរាម ស្តាប់ហើយ អាចព្យាបាលជំងឺបាក់ទឹកចិត្តរបស់មនុស្សបាន

David

មានសត្វលាមួយក្បាល បានធ្លាក់ទៅក្នុងរណ្តៅដ៏ជ្រៅមួយ ម្ចាស់របស់វាមើលហើយក៏គិតពីតម្លៃជួលដែលត្រូវយកវាមកវិញ ហើយក៏សម្រេចចិត្តទុកវាចោល ព្រោះតម្លៃខ្លួនវាមួយក្បាលមិនស្មើនឹងតម្លៃដែលត្រូវជួលគេដើម្បីយកវាចេញពីរណ្តៅដ៏ជ្រៅនោះ ។

លាមួយក្បាលនោះត្រូវរស់នៅក្នុងរណ្តៅនោះយ៉ាងឯកោហើយ មួយថ្ងៃៗនៅមានមនុស្សបោះសំរាមចូលរណ្តៅនោះទៀត ។

លានោះខឹងណាស់ខឹងខ្លួនឯង ថាហេតុអ្វីសំណាងអាក្រក់ត្រូវមកធ្លាក់រណ្តៅបែបនេះ ត្រូវម្ចាស់វាបោះបង់វាចោល បើចង់ឱ្យវាស្លាប់ម្តេចមិនឱ្យវាស្លាប់ស្រួលជាងនេះបន្តិច មួយថ្ងៃៗមានសំរាមសង្កត់លើខ្លួនច្រើនឡើងៗ

តែថ្ងៃមួយលានោះក៏បានប្តូរទស្សនៈខ្លួនឯង និងសម្រេចចិត្តផ្លាស់ប្តូរពីវិធីរស់នៅបន្តក្នុងរណ្តៅនោះ ដោយលានោះព្យាយាមជាន់សំរាមទាំងនោះនៅជើងវិញមិនឱ្យសំរាមទាំងនោះសង្កត់លើខ្លួនវាទៀត ថែមទាំងរកអាហារពីសំរាមទាំងនោះដើម្បីមានជីវិតបន្ត ។

វេលាកន្លងផុតទៅ សំរាមទាំងនោះគកាន់តែខ្ពស់ទៅៗ រហូតដល់ថ្ងៃមួយលានោះអាចចេញពីរណ្តៅនោះបានដោយខ្លួនឯង មកកាន់ពិភពលោកខាងក្រៅម្តងទៀត ។

ប្រៀបធៀបទៅនឹងការរស់នៅក្នុងជីវិត:

កុំបាក់ទឹកចិត្តពេលដែលបំណងប្រាថ្នាក្នុងជីវិតមិនបានសម្រេច

កុំតូចចិត្តនៅពេលដែលប្រុសជាទីស្រលាញ់របស់អ្នកមានមិនស្មើអ្នកផ្សេង

កុំតូចចិត្តដោយសារមនុស្សស្រីដែលអ្នកបានជ្រើសរើសមិនស្អាតល្អឆើតដូចអ្នកផ្សេង

កុំតូចចិត្តដែលអ្នកគ្មានឪពុកល្អម្នាក់

កុំតូចចិត្តដែលការងារអ្នកមិនល្អ ប្រាក់ខែមិិនច្រើន

កុំតូចចិត្តដែលសមត្ថភាពរបស់អ្នកគ្មានអ្នកណាមើលឃើញ

ក្នុងជីវិតយើងម្នាក់ៗតែងតែមានរឿងជាច្រើនដែលតែងតែជួបការបរាជ័យ ទោះបីក្នុងមួយជីវិតនេះយើងទទួលតែសំរាម តែយើងក៏អាចជាន់សំរាមនៅក្រោមបាតជើងរបស់យើងដូចគ្នា ហើយឡើងទៅរកចំណុចដែលខ្ពស់បំផុត ។

នៅក្នុងពិភពលោកយើងនេះ គ្មានអ្នកណាខ្វល់ទេ ថាអ្នកឡើងខ្ពស់មកបានដោយសារឈរលើស្មាយក្ស ឬក៏គំនរសំរាម ឬក៏ឡើងមកបានដោយវិធីណា គេនឹងចាប់អារម្មណ៍ត្រឹមថា អ្នកអាចឡើងមកដល់កម្រិតដែលខ្ពស់បំផុតឬទេ។

យើងមើលសត្វលា ជាគំរូ គេគ្រាន់តែចាប់ផ្តើមជាថ្មី ជីវិតវាក៏ផ្លាស់ប្តូរ ជីវិតមនុស្សយើងមានតែប៉ុណ្ណឹង ការបរាជ័យ ឧបសគ្គ ភាពលំបាកលំបិន យើងចាំបាច់ទៅគាំងជាប់ជាមួយនិងបញ្ហាទាំងនោះធ្វើអ្វី? ត្រូវចាត់ទុកវាជាសំរាមដែលស្ថិតនៅក្រោមជើងយើង វាដូចជាទ្រព្យ ជាដើមទុនសម្រាប់យើងបន្តដំណើរលើវិថីជីវិតដ៏វែងឆ្ងាយបន្តទៀត ចូរចាត់ទុកវាដូចជាជណ្តើរឡើងទៅកាន់ទីខ្ពស់តាមដែលអាចទៅរួច ដើម្បីថ្ងៃអនាគតខាងមុខរបស់យើង។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.