អស់ទាស់ហ្មង! LEXUS LC 500 ស៊េរីឆ្នាំ២០១៨ ចេញមិនបានប៉ុន្មានផង មកជាន់ដីស្រុកខ្មែរបាត់!

រថយន្ត​ស្ព័រ​ទំនើប​របស់​ក្រុមហ៊ុន LEXUS ម៉ូដែល LC 500 ស៊េរី​ឆ្នាំ២០១៨ ដែល​ទើប​តែ​ចេញ​នៅ​លើ​ទីផ្សារ​បរទេស មិន​ទាន់​បាន​ប៉ុន្មាន​ផង​នោះ ពេល​នេះ​បាន​មក​ជាន់​ទឹក​ដី​ស្រុក​ខ្មែរ​បាត់​ទៅ​ហើយ ដែល​នាំ​ចូល​ដោយ ក្រុមហ៊ុន​លក់​រថយន្ត គឹមស្រ៊ុនព្រីមៀមអូតូ។

ក្រុមហ៊ុន​ខាង​លើ​នេះ​បាន​នាំ​ចូល​រថយន្ត LEXUS ម៉ូដែល​ថ្មី​ចុង​ក្រោយ​បង្អស់​នេះ ចំនួន ២គ្រឿង គឺ LC 500 ពណ៌​ក្រហម ប្រើសាំង និង LC 500h ជា​រថយន្ត​កូន​កាត់ Hybrid ពណ៌​ស​ខ្ចី​ញេញ​តែម្តង។

រថយន្ត LEXUS LC 500 បំពាក់​ម៉ាស៊ីន​កម្លាំង​ខ្លាំង​ ៤៧១សេះ ចំណុះ ៥,០លីត្រ ស៊ីឡាំង ៨ (V8) អម​ដោយ​ប្រអប់​លេខ​អូតូ ចំនួន​១០វគ្គ និង​បំពាក់​នូវ​កង់​ដែល​មាន​ទំហំ​ ២១ អ៊ីញ យ៉ាង​ស្រស់​ស្អាត ខណៈ LEXUS LC 500h ដែល​ជា​រថយន្ត​កូន​កាត់ Hybrid មាន​កម្លាំង​ត្រឹមតែ ៣៥៤សេះ​ប៉ុណ្ណោះ។

វា​អាច​រត់​ពី ០ ដល់ ១០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៤,៦វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរិមា ២៧០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ចំណែក​ឯ​កម្រិត​ស៊ីសាំង​វិញ គឺ ១៥លីត្រ/១០០គីឡូម៉ែត្រ សម្រាប់​ការ​បើកបរ​ក្នុង​ទីក្រុង និង ៩លីត្រ/១០០គីឡូម៉ែត្រ សម្រាប់​ការ​បើកបរ​លើ​ផ្លូវ​លាត។

សូម​បញ្ជាក់​ថា រថយន្ត LEXUS LC 500 ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​បរទេស តម្លៃ​ជិត១០ម៉ឺន​ដុល្លារ ខណៈ​តម្លៃ​ជាក់ស្តែង​នៅ​លើ​ទីផ្សារ​កម្ពុជា ក្រុម​ការងារ Autobodia នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ ដូច្នេះ​សូម​រង់ចាំ​តាម​ដាន​តម្លៃ​នៅ​ពេល​ក្រោយ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.