ទង្វើមួយនេះរបស់ ម៉ានិត ពិតជាធ្វើឲ្យមនុស្សជាតិទាំងមូលមានមោទនភាពណាស់

តារាចម្រៀងបទ «Original» ​ដែលមហាជនកត់សម្គាល់ឃើញថា ច្រៀងបទចម្រៀង មិនចំឡងពីបរទេស​មុនគេបង្អស់ គឺលោក ម៉ុង ម៉ានិត ត្រូវបានគេស្គាល់ថា ជាចៅប្រុសបង្កើតរបស់អ្នកនិពន្ធ និង ដឹកនាំដ៏ល្បីរឿង អ្នកស្រី ពាន់ ផួងបុប្ផា ថ្មីៗនេះ បាននាំមិត្តភកិ្ភរបស់ខ្លួនអ្នកស្ម័គ្រចិត្ត ធ្វើការងារមួយដែលមានប្រយោជន៍ដល់សង្គម និង មនុស្សជាតិទាំងមូល ។

តារាចម្រៀងក្នុងស្រទាប់យុវវ័យ លោក ម៉ានិត បានសរសេររៀបរាប់ក្នុងគណនីផ្ទាល់របស់ខ្លួនថា:

សូមចំណាយពេល១៥នាទីសម្រាប់អានបន្តិច!!! [English Below] ចាប់ផ្ដើមពីថ្ងៃទី១២ វិច្ឆិកា ២០១៧។ នេះគឺជាលើកទីមួយក្នុងឆាកជីវិតរបស់ខ្ញុំក្នុងការចុះបំពេញបេសកកម្មស្ម័គ្រចិត្តជួយព្យាបាលជំងឺឥតគិតថ្លៃដល់ប្រជាជនដែលរស់នៅខេត្ត រតនគិរី ក្រោមគម្រោងមួយមានឈ្មោះថា "PROJECT ANGKOR"។ បន្ទាប់ពីចេញផ្សាយសៀវភៅផ្ទះកណ្ដាលបឹង ខ្ញុំបានចំណាយពេលសម្រាកប្រមាណមួយខែ ហើយបានសន្យានឹងខ្លួនឯងថា ខ្ញុំនឹងចំណាយពេលវេលាសម្រាកនេះឲ្យមានប្រយោជន៍ ហើយនិងស្វែងយល់បន្ថែមពីអ្វីដែលខ្ញុំមិនធ្លាប់បានជួបប្រទះ។ ខ្ញុំសម្រេចចិត្តចុះឈ្មោះជាអ្នកស្ម័គ្រចិត្តដោយមានការណែនាំពីមិត្តភក្តិខ្ញុំពីរនាក់ ដាវី និង រីតា ដែលជានិស្សិតពេទ្យឆ្នាំទី៨។ ទម្រាំតែបានជាប់ជាអ្នកស្ម័គ្រចិត្ត ឈ្មោះខ្ញុំត្រូវបានឆ្លងកាត់ជាច្រើនដំណាក់កាល ហើយសឹងតែមិនបានជាប់ចូលរួម (យំផងសើចផង)។ ចុងក្រោយខ្ញុំក៏បានចុះឈ្មោះបានសម្រេច។ ពេលដែលជាប់ភ្លាម ខ្ញុំត្រូវបានចាត់តាំងជាអ្នកសម្អាតនិងកំដៅឧបករណ៍ធ្វើធ្មេញដើម្បីសម្លាប់មេរោគ។ខ្ញុំត្រូវបានក្រុមការងារផ្នែកកម្ពុជាមានការសង្ស័យជាច្រើនមកលើខ្ញុំ។ ពួកគេសង្ស័យថា តើខ្ញុំនឹងអាចធ្វើការងារនេះបានទេ? តើខ្ញុំនឹងរត់ចោលជួរទេ? តើខ្ញុំនឹងទ្រាំបានទេ? ព្រោះកាលពីឆ្នាំមុន មានមនុស្សពីរនាក់បានរត់ចោលការងារនេះ ព្រោះវាជាការងារកង្វក់ ត្រូវថ្ងៃ ត្រូវកំដៅពីម៉ាស៊ីនកំដៅ ហើយជាពិសេសគឺត្រូវធ្វើវារយ:ពេល៥ថ្ងៃជាប់គ្នា។ តើម៉ានិត ដែលជាតារាចម្រៀង កើតក្នុងគ្រួសារធូរធារពិតជាអាចធ្វើការងារសម្អាតរបស់កង្វក់ពោរពេញដោយមេរោគនេះបានមែនទេ? (សំណួរនេះទើបនឹងត្រូវបានបែកធ្លាយពេលបេសកកម្មអង្គរបានបញ្ចប់) ខ្ញុំពិតជាមិនបានដឹងថាគ្រប់គ្នាគិតបែបនោះមកលើខ្ញុំឡើយ តែខ្ញុំជាមនុស្សម្នាក់ដែលដឹងថា ខ្ញុំចង់បានអ្វី ហើយខ្ញុំអាចធ្វើអ្វី។ យប់ដំបូងទៅដល់ទីនោះ គឺខ្ញុំបានចាប់កន្លាតចេញពីបន្ទប់ បន្ទាប់ពីខ្លាចថា មិត្តភក្ដិខ្ញុំដាវីនិងរីតា ខ្លាចកន្លាតរត់ផ្អើលអស់សត្វព្រៃ។ ខ្ញុំឈរមើលពស់ឆ្លងផ្លូវ និងមើលប្រជាជនក្បែរបឹងកន្សែងសម្លាប់ពស់ខ្មៅដែលមានក្បាលពីរ។ពិតជាបទពិសោធន៍ជីវិតមែន! ស្អែកឡើងខ្ញុំក៏ចាប់ផ្ដើមចូលធ្វើការ ការងារដែលខ្ញុំបានកំណត់ចាត់តាំង គឺអ្នកសម្អាត និងកំដៅសម្លាប់មេរោគឧបករណ៍ធ្វើធ្មេញ តែជាក់ស្ដែងក្រៅពីការងារនោះ ខ្ញុំក៏ជាអ្នកសម្អាតឥដ្ឋ អ្នកយកភេសជ្ជ: អ្នកបកប្រែភាសាអង់គ្លេស អ្នកបង្រៀនដុះធ្មេញ និងជាអ្នកលួងកូនក្មេងឲ្យព្រមដកធ្មេញ ព្រមទាំងជាអ្នកលួងលោមបងប្អូនជនជាតិដែលមិនចេះនិយាយភាសាខ្មែរ ឲ្យព្រមដកធ្មេញដែរ ទាំងដែលខ្ញុំជាមិនចេះនិយាយភាសាជនជាតិសោះ តែមិនដឹងហេតុអ្វីអ៊ំស្រីម្នាក់នោះគាត់ព្រមស្ដាប់ខ្ញុំទៅវិញ។ បងប្អូនប្រជាជនខ្មែរ និងជនជាតិ បានហៅខ្ញុំថា គ្រូពេទ្យ ភ្លាមនោះ ខ្ញុំក៏គិតថា តើខ្ញុំគួរតែបន្ថែមមុខងារជាគ្រូពេទ្យលើប្រវត្តិរូបខ្ញុំដែរទេ? ហាស់ៗ! ទីបំផុតខ្ញុំបានបញ្ចប់បេសកកម្មដោយជោគជ័យ មិនរត់ចោលជួរ មិនត្អូញត្អែ។ នៅថ្ងៃចុងក្រោយ ក្រុមនិស្សិតពេទ្យផ្នែកព្យាបាលធ្មេញ បានមកជុំគ្នាជិតៗខ្ញុំ ហើយនិយាយអរគុណដែលខ្ញុំធ្វើបាន ហើយជួយសម្រាលការងារពួកគេបានមួយផ្នែក ដោយពួកគេមិនចាំបាច់បារម្ភពីការខ្វះឧបករណ៍ប្រើប្រាស់ ដូច្នេះពួកគេអាចផ្ដោតអារម្មណ៍លើការធ្វើធ្មេញ និងធ្វើជំនួយការដុកទ័របានពេញដៃពេញជើង។ ពួកគេចិត្តល្អនិងគួរឲ្យគោរពស្រលាញ់ណាស់ ពួកយើងជាក្រុមការងារដ៏ល្អ។ ចំពោះមនុស្សមួយចំនួនគិតថា ការងារសម្អាតគឺជាការងារតូចទាប តែជាក់ស្ដែង អ្នកសម្អាតដូចជាខ្ញុំ គឺជាមនុស្សដែលគេត្រូវការបំផុតខ្វះមិនបាន ហាស់ៗ!!! ចំណាយពេលជិតមួយអាទិត្យនៅរតន:គិរី ធ្វើការងារដែលខ្ញុំមិនដែលធ្វើសោះ វាបានជួយឲ្យខ្ញុំស្គាល់ខ្លួនឯងកាន់តែច្បាស់ ស្វែងយល់ពីមនុស្សនិងការងារជុំវិញខ្លួនកាន់តែច្រើន។ ខ្ញុំបានស្គាល់មិត្តថ្មី ខ្ញុំបានរៀនពីការងារថ្មី ខ្ញុំបានញុំាំម្ហូបអាហារថ្មីៗ ខ្ញុំបានទទួលភាគស្មុគស្មាញថ្មី ខ្ញុំបានស្គាល់កន្លែងថ្មីៗ។វាពិតជាធ្វើឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការរស់នៅតទៅទៀត។ អរគុណគ្រប់គ្នា ដែលស្រលាញ់រាប់អានខ្ញុំ និងផ្ដល់ឱកាសឲ្យខ្ញុំបានចូលរួម។ ខ្ញុំនឹងចងចាំអ្នក!!!

ទង្វើ ពិតជាគួរឲ្យកោតសរសើរ ដោយសារតែវាជាទង្វើមួយជឿជាក់ច្បាស់ ពិតជាបានជួយដល់មនុស្ស និងសង្គមបានយ៉ាងច្រើន

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.