អាថ៌កំបាំងសំងាត់ទាំង ១០ នៅក្នុងរោងកុន ដែលលោកអ្នកមិនដែលបានដឹង

ជឿរជាក់ថា មានមនុស្សមិនតិចនោះទេ ដែលមានចំណង់ចំនូលចិត្តមើលខ្សែភាគយន្តនៅក្នុងរោងកុន។ ក៏ប៉ុន្តែមិនមានច្រើននាក់ទេដែលបានចាប់អារម្មណ៍ថា ក្នុងរោងភាពយន្តមានអ្វីចំឡែកខ្លះ។ ឧទាហរណ៍ដូចជា ពោតលីងអាចនឹងមានតម្លៃថ្លៃដូច ឬថ្លៃជាងសំបុត្រកុនជាដើម។ អានអត្ថបទខាងក្រោម ប្រសិនជាអ្នកចង់ដឹងថាមានរឿងប្លែកៗ ឬអាថ៌កំបាំងណាខ្លះដែលរោងភាពយន្តបានលាក់ បាំងអតិថិជនរបស់ពួកគេ ៖

១០. ចូរជ្រើសរើសកន្លែងដែលសាកសមបំផុត

ដើម្បីទទួលបានសម្លេងនិងរូបភាពដែលល្អបំផុតក្នុងរោងភាពយន្តនោះ គឺអ្នកគួរតែរើសអង្គុយដែលមានទីតាំងប្រហែល ២ ភាគ ៣ នៃផ្លូវត្រឡប់មកវិញជិតនឹងចំណុចកណ្តាលតាមដែលអាចធ្វើទៅបាន។ នេះ គឺជាកន្លែងដែលវិស្វករបានដាក់តាំងនូវប្រព័ន្ធកែតម្រូវកម្រិតសំឡេង។

៩. គឺមិនមានការបោសសម្អាតត្រឹមត្រូវក្នុងរោងភាពយន្តឡើយ

ខណៈដែលម៉ោងចាក់បញ្ចាំងរឿង គឺប្រកិតៗគ្នានោះ អ្នកបោសសម្អាតមិនមានពេលគ្រប់គ្រាន់ ដើម្បីធ្វើការសម្អាតពេញក្នុងរោងភាពយន្តនោះទេ។ នេះជាមូលហេតុដែលអ្នកធ្លាប់បានប្រទះឃើញថាកម្រាលក្នុងរោងភាពយន្តនៅតែគគ្រិច បើទោះជាមានអ្នកចាំបោសសម្អាត។ រោងភាពយន្តត្រូវបានសម្អាតយ៉ាងត្រឹមត្រូវតែនៅក្នុងកំឡុងពេលយប់ដែលអស់ម៉ោងបញ្ជាំងប៉ុណ្ណោះ។

៨. សូមដាក់សម្រាមលើកៅអីអង្គុយ គឺប្រសើរជាងការគ្រវែងចោលលើកម្រាល

ប្រសិនបើអ្នកទុកសម្រាមចោលនៅលើកៅអីអង្គុយនោះ វានឹងជួយផ្ដល់ភាពងាយស្រួលដល់អ្នកបោសសម្អាតក្នុងការប្រមូលសម្រាមរបស់អ្នកយកទៅចោលកន្លែងត្រឹមត្រូវ។

៧. សម្លេងខ្លាំងៗក្នុងរោងភាពយន្តអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ការស្ដាប់ឮរបស់អ្នក

បើទោះជាការពិត ស្ដង់ដានៃប្រព័ន្ធសម្លេង រួមទាំងកម្រិតនៃសម្លេងត្រូវមានការកំណត់ទៅតាមការតម្រូវជាលក្ខណៈស្ដង់ដារត្រឹមត្រូវក៏ដោយ ក៏រោងភាពយន្តមួយចំនួន បានកំណត់សម្លេងតាមការគិតដែលយល់ថាវាសមស្របសម្រាប់ពួកគេ។ ដើម្បីជាការគិតគូរដល់សុខភាព អ្នកមិនគួរមើលភាពយន្តវាយប្រហារ បាញ់ កាប់ចាក់ និងមានឈុតប្រយុទ្ធគ្នាច្រើនពេកក្នុងរោងភាពយន្តឡើយ ព្រោះរឿងប្រភេទនេះប្រាកដជាត្រូវគេកម្រិតសម្លេងឲ្យឮខ្លាំងលើសកំណត់ជាមិនខាន។

៦. តម្លៃពោតលីងក្នុងរោងភាពយន្ត គឺថ្លៃលើសប្រមាណជាងធម្មតា

នៅក្នុងសហរដ្ឋអាមេរិក អ្នកត្រូវចំណាយ ៨ដុល្លារ ដើម្បីទទួលបានពោតលីងខ្នាតធំមួយដែលលក់ក្នុងរោងភាពយន្ត ខណៈដែលនៅខាងក្រៅលក់ត្រឹមតែ ១ដុល្លារក្នុងបរិមាណដូចគ្នា។

៥. នៅមុនពេលឆ្នាំ ១៩៨១ កៅអីអង្គុយក្នុងរោងភាពយន្តមិនទាន់មានកន្លែងសម្រាប់ដាក់ភេសជ្ជៈនៅឡើយទេ

កន្លែងសម្រាប់ដាក់ភេសជ្ជៈនៅជាប់នឹងកៅអីទើបនឹងត្រូវបានគេបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨១ ប៉ុណ្ណោះ គឺកំឡុងពេលប្រហែលជា ៦០ ឆ្នាំ ក្រោយពីរោងភាពយន្តម៉ាស៊ីនត្រជាក់ដំបូងបំផុតនៅសហរដ្ឋអាមេរិកត្រូវបានបើកដំណើរ។ រីឯពោតលីងវិញ ត្រូវបានគេយកមកលក់ក្នុងរោងកុននៅកំឡុងពេលសង្គ្រាមលោកលើកទី ២ ជំនួសឲ្យស្ករគ្រាប់និងស្ករសំឡី ដោយសារពេលនោះអាមេរិកជួបប្រទះបញ្ហាកង្វះស្ករសបង្កឲ្យរោងភាពយន្តបញ្ឈប់ការលក់ស្ករគ្រាប់។

៤. ពោតលីងក្នុងរោងភាពយន្តមានក្លិនឈ្ងុយខ្លាំងគួរឲ្យចង់ទទួលទាន

មានហេតុផលមួយចំនួនដែលធ្វើឲ្យយើងទប់ចិត្តនឹងក្លិនដ៏ឈ្ងុយរបស់ពោតលីងមិនបាន។ ហេតុផលដំបូងបំផុត គឺនៅគ្រប់រោងភាពយន្តមាននូវរូបមន្តផ្ទាល់ខ្លួនក្នុងការធ្វើឲ្យពោតលីងមានក្លិនឈ្ងុយនិងរសជាតិឆ្ងាញ់។ មូលហេតុផ្សេងទៀត គឺអាចដោយសារតែការលាយដូងលាយជាមួយប្រេង canola រួមទាំងគ្រឿងផ្សំមួយចំនួនផ្សេងទៀត។

៣. យ៉ាងហោចណាស់ម្ដងក្នុងមួយសប្តាហ៍បុគ្គលិករោងកុនបានបណ្ដេញគូស្នេហ៍មួយគូចេញពីរោងភាពយន្ត

រោងភាពយន្តមិនមែនជាកន្លែងសម្រាប់ញ៉ែគ្នានោះទេ។ គូស្នេហ៍ណាដែលអោបគ្នាខុសបែប ឬបង្ហាញកាយវិការខុសសីលធម៌ ដោយមិនអៀនខ្មាសដែលធ្វើឲ្យប៉ះពាល់អ្នកទស្សនាដទៃទៀត ត្រូវចាំថាក្នុងរោងភាពយន្តសុទ្ធតែមានដាក់កាម៉េរាសុវត្ថិភាព ហេតុនេះរាល់គ្រប់សកម្មភាពរបស់អ្នកនឹងត្រូវចាប់ជាប់ទាំងអស់។ នៅពេល ដែលបុគ្គលិករកឃើញថា អ្នកបានប្រព្រឹត្តអំពើអសីលធម៌ណាមួយនោះ អ្នកនឹងត្រូវគេព្រមាន ឬបណ្ដេញចេញពីរោងភាពយន្តតែម្ដង។

២. ទិញពោតលីង ឬភេសជ្ជៈជាឈុតមិនបានជួយឲ្យអ្នកចំណេញឡើយ

ប្រសិនជាអ្នកគិតថា ការទិញភេសជ្ជៈ ឬពោតលីងជាឈុតក្នុងរោងភាពយន្ត អាចជួយសន្សំប្រាក់អ្នកបានច្រើន ជាងការទិញមួយៗដោយឡែកនោះ គឺអ្នកយល់ខុសហើយ។ ប៉ុន្តែអ្នកអាចនឹងសន្សំសំចៃប្រាក់បានច្រើន ប្រសិនជាអ្នកកាត់បន្ថយការទិញពោតលីងនិងភេសជ្ជៈមកត្រឹមឈុតទំហំធម្មតា។

១. ពោតលីងដែលលក់ក្នុងរោងភាពយន្តមិនមែនតែងតែជាពោតដែលទើបនឹងលីងថ្មីៗនោះទេ

បុគ្គលិកក្នុងរោងភាពយន្តភាគច្រើនបានទទួលស្គាល់ថា គុណសម្បត្តិដ៏ល្អបំផុតរបស់ពោតលីងនោះ គឺវាអាចរក្សាទុកបានយូរថ្ងៃ ដោយមិនខូច។ ប្រសិនជាពោតលីង មិនត្រូវបានលក់អស់ក្នុងថ្ងៃនេះ បុគ្គលិករោងកុននឹងយកពោតដែលនៅសល់ទៅរក្សាទុក ហើយយកលីងកម្ដៅលក់ម្ដងទៀតនៅថ្ងៃបន្ទាប់។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.